MERLENG

វាយ​ក្បាល​បក្សប្រឆាំង​ដោយ​​គល់​ឫស្សី បើហ៊ានតវ៉ាជាការព្រមានរបស់បក្ស​កាន់​អំណាច

ភ្នំពេញ: លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ប្រើ​កម្លាំង​ដើម្បី​បង្ក្រាប​ទៅ​លើ​បក្សប្រឆាំង​ និង​អ្នក​គាំទ្រ​បក្សប្រឆាំង​ណា​ដែល​ប្រឆាំង​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៨ ​ដោយ​ព្រមាន​សំពង​ក្បាល​ដោយ​គល់​ឫស្សី ហើយ​មន្ត្រី​រាជការ​ត្រូវ​តែ​គាំទ្រ​បក្ស​កាន់​រដ្ឋាភិបាល បើ​អត់ ត្រូវ​លាលែង​ពី​ការងារ​។ យោង​តាម​ខ្សែ​អាត់​សំឡេង​របស់​លោក​រដ្ឋមន្ត្រី​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​មួយ​ថ្ងៃ​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ប្រជុំ​បិទទ្វារ​គណៈកម្មាធិការ​កណ្ដាល​ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ចំនួន​ ២២១៤ ​នាក់​មកពី​ទូទាំង​ប្រទេស​ចូលរួម​ក្រោម​អធិបតីភាព លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​។

នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ថ្នាក់​ដឹកនាំ​ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃ​ចន្ទ លោក វង សូត ​បាន​ថ្លែង​ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​ប្រធាន​គណបក្ស​កាន់​រដ្ឋាភិបាល​ឲ្យ​មន្ត្រី​របស់​លោក​បាន​ដឹង​ថា​៖ «​គណបក្ស​ប្រឆាំង​និយាយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្ដេច​ ហ៊ុន សែន ធ្វើ​អី​តាម​អំពើ​ចិត្ត​… អេ តាម​អំពើ​ចិត្ត​ប៉ុន្តែ​មាន​ច្បាប់​ធ្វើ​តាម​ច្បាប់ ច្បាប់​ប្រគល់​ឱ្យ​គាត់​នូវ​អំណាច អ្នក​ធ្វើ​ខុស​ច្បាប់​ចាប់​ដាក់​គុក​។ បោះឆ្នោត​លើក​នេះ បើ​មាន​បញ្ហា​តវ៉ា​ទៀត ត្រូវ​ក្បាល​ម៉ា​គល់​ឫស្សី​ហើយ ច្បាស់​អ៊ីចឹង​ហ្មង អត់​មាន បើក​សិទ្ធិ​ឲ្យ​តវ៉ា​អី​ទេ​»​។

យោង​ទៅ​លើ​ការ​តវ៉ា​បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ ២០១៣ ឃើញ​ថា​អ្នក​តវ៉ា​ទាំង​នោះ​ត្រូវ​បាន​ឆ្លើយតប​ដោយ​ហិង្សា​ជា​បន្តបន្ទាប់​អស់​រយៈពេល​ប្រហែល​ពីរ​ខែ​បន្ទាប់ពី​ការ​បោះឆ្នោត ហើយ​អ្នក​ឈរ​មើល​នៅ​ជិត​កន្លែង​តវ៉ា​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​​ និង​អ្នក​តវ៉ា​ ៤ ​នាក់​ត្រូវ​បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​ការ​បង្ក្រាប​នៅ​លើ​ស្ពាន​ព្រះមុនីវង្ស ហើយ​ក៏​មាន​បាតុកម្ម​តវ៉ា អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក៏​ត្រូវ​បាន​បោស​សម្អាត​ក្រុម​ប្រឆាំង​ដោយ​អហិង្សា​ផង​ដែរ​។

លោក សូត បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ហើយ​បាន​រំឭក​មន្ត្រី​របស់​លោក​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រសិន​បើ​មិន​ដូច្នេះ​ទេ​ពួកគេ​អាច​លាលែង​ពី​តំណែង​បាន​។

លោក​មាន​ប្រសាសន៍​ថា​៖ «​មន្ត្រី​ទាំងអស់​និយាយ​តាម​ច្បាប់​ថា​ស្រលាញ់​បក្ស​ណា​ក៏​បាន​ដែរ​ប៉ុន្តែ​កាលពី​ម្សិលមិញ​ខ្លឹមសារ​ (​កិច្ចប្រជុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​) បាន​និយាយ​អ៊ីចេះ បើ​មិនមែន​ជា​មន្ត្រី​ដែល​ស្រឡាញ់​គណបក្ស​ប្រជាជន​ទេ​ទៅ​ណា​ទៅៗ បើ​មិន​ដឹង​ថា​រដ្ឋាភិបាល​នឹង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ទេ ខំ​នៅ​ធ្វើ​អី​»​។

លោក​បាន​បន្ថែម​ថា​៖ « មន្ត្រី​ស៊ី​ប្រាក់​ខែ​របស់​រដ្ឋ​ហើយ​អព្យាក្រឹត​ ប៉ុន្តែ​កុំ​ភ្លេច​ណា​ថា​រដ្ឋ​នេះ​វា​កើត​ពី​បក្ស​ហ្នឹង អ៊ីចឹង​ហើយ​ខ្ញុំ​គិត​ថា​មន្ត្រី​យើង​ទាំងអស់​ត្រូវ​តែ​មាន​ឥរិយាបថ​មួយ​ច្បាស់លាស់​រឿង​បក្ស​…​បើ​ថា​មិន​ច្បាស់​ទៅ​ណា​ទៅ បើ​មិន​នៅ​ក្នុង​បក្ស​ប្រជាជន​ទេ មិន​បាច់​នៅ​ទេ​ទៅ​នៅ​ណា​ទៅៗ​គណបក្ស​នេះ​ក៏​អត់​ស្វាគមន៍​ដែរ​បើ​ស្រឡាញ់​គណបក្ស​ចាំ​នៅ បើ​មិន​ស្រឡាញ់​គណបក្ស​មិន​បាច់​នៅ​ចាំ​ស៊ីពែ​របស់​គណបក្ស​អី​ទៀត​ទេ​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​៖ «​វា​ចូល​ដល់​ដំណាក់កាល​មួយ​ប្រកួត​ប្រជែង​យក​ប្រៀប​រៀង​ខ្លួន​ហើយ​… បើ​និយាយ​ពី​បក្ស​ប្រឆាំង​នៅ​ស្រុក​យើង​គឺ​ពិសពុល​គណបក្ស​ប្រឆាំង​គេ​ចង់​ទម្លាក់​យើង ចង់​ទម្លាក់​យូរ​ហើយ​តែ​ធ្វើ​មិន​ធ្លាក់​ដោយ​យក​អ្នក​ខាង​ក្រៅ​មក​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​ជាច្រើន​លើក​ច្រើនសា​»​។

លោក​ថ្លែង​ថា​៖ «​មិន​អាច​ឱ្យ​ចាញ់​បាន​ទេ សរុប​ឲ្យ​ខ្លី​មក​គឺ​គ្មាន​ទេ​រឿង​ចាញ់​»​។ «​ប្រសិន​បើ​អ្នក​បំពាន​ច្បាប់​នឹង​ចាប់​ដាក់​គុក​គឺ​ថា​យើង​ប្រើ​អំណាច​ស្រប​ច្បាប់​… ហើយ​ប្រសិន​បើ​ច្បាប់​នៅ​តែ​មាន​ចន្លោះ​ប្រហោង​យើង​នឹង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ពីព្រោះ​យើង​ឈ្នះ​, យើង​អាច​ធ្វើ​អ្វីៗ​ដែល​យើង​ចង់​»​។

ទោះបី​ជា​យ៉ាង​ណា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក ជាម ច័ន្ទនី ដែល​កាលពី​ឆ្នាំ​មុន​ត្រូវ​បាន​តែងតាំង​ឲ្យ​ទទួល​បន្ទុក​គណៈកម្មាធិការ​មហាផ្ទៃ ការពារ​ជាតិ​ និង​មុខងារ​សាធារណៈ​បាន​ថ្លែង​ថា​ការ​អត្ថាធិប្បាយ​របស់​ពួកគេ​គឺជា​ការ​គំរាម​កំហែង​មួយ​ដល់​គណបក្ស​សង្គ្រោះជាតិ និង​ប្រជាពលរដ្ឋ​ហើយ​គណបក្ស​សង្គ្រោះជាតិ​មិន​អាច​ទទួល​យក​បាន​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​ការ​សោកស្តាយ​ចំពោះ​អត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ដែល​បាន​ប្រើ​ពាក្យ​សម្តី​ធ្ងន់ធ្ងរ​មក​លើ​ប្រជាជន​ខ្មែរ​ដែល​ជា​ម្ចាស់​អំណាច និង​ម្ទាស់​ទឹកដី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រើ​ពាក្យ​សម្តី​ជា​រឿង​ធម្មតា​របស់​គាត់ … យើង​អាច​ចងចាំ​បាន​យ៉ាង​ច្បាស់​កាលពី​​ប៉ុន្មាន​ខែ​មុន​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ធ្លាប់​បាន​និយាយ​ថា​នឹង​វ៉ៃ​អ្នក​តវ៉ា​ឲ្យ​បាក់​ធ្មេញ ខណៈ​ដែល​លោក វង សូត បាន​និយាយ​បន្ទរ​ថែម​ទៀត​ថា​នឹង​ត្រូវ​វាយ​ក្បាល​បក្សប្រឆាំង​ដោយ​គល់​ឫស្សី​ចំពោះ​អ្នក​ដែល​ហ៊ាន​តវ៉ា​ដែល​ទាំង​នេះ​គឺជា​ការ​គំរាម​កំហែង​មួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​»៕