MERLENG

ពងឥន្ទ្រីមួយរមៀលចូលក្នុងសម្បុកមាន់ដោយសារគ្រោះរញ្ជួយដី! រឿងកើតឡើងបន្ទាប់ពីវាញាស់ក្នុងហ្វូងមាន់ ស្ទើរមិនគួរឱ្យជឿ!

នៅ​ព្រៃ​មួយ​មាន​ភ្នំ​ដ៏​ធំ ជា​កន្លែង​ដែល​សម្បុក​ឥន្ទ្រី​ស្ថិតនៅ​ទីនោះ​។ សម្បុក​របស់​ឥន្ទ្រី​មាន​ពង​មិនទាន់​ញាស់​ចំនួន ៤ ធំៗ​។ ថ្ងៃមួយ​មាន​គ្រោះ​រញ្ជួយ​ដី​កើតឡើង​នៅលើ​ភ្នំ បណ្ដាលឱ្យ​ពង​ឥន្ទ្រី​រមៀល​ធ្លាក់ចូល​កសិដ្ឋាន​ចិញ្ចឹម​មាន់​មាន​ទីតាំងនៅ​ជម្រាលភ្នំ​។ មាន់​ដឹងខ្លួន​ថា ពួកវា​ត្រូវតែ​ការពារ​និង​ថែរក្សា​ពង​ឥន្ទ្រី​នោះ ដូច្នេះហើយ​មេមាន់​ចំណាស់​មួយ​ក្បាល ក៏​សម្រេចចិត្ត​មើលថែ​ពង​ឥន្ទ្រី​នោះ​។​

ថ្ងៃមួយ​នោះ ពង​ឥន្ទ្រី​ញាស់ ហើយ​កូន​ឥន្ទ្រី​ដ៏​គួរឱ្យ​ស្រឡាញ់​បានឃើញ​ពន្លឺ​ថ្ងៃ​។ គួរឱ្យ​ស្ដាយ កូន​ឥន្ទ្រី​នោះ​កើតមក​ត្រូវគេ​ចាត់ទុកថា​ជា​កូន​មាន់​។ ហើយ​កូន​ឥន្ទ្រី​នោះ​ជឿថា វា​គឺ​គ្មានអ្វី​ក្រៅពី​កូន​មាន់​មួយ​ក្បាល​នោះឡើយ​។ ឥន្ទ្រី​នោះ​ស្រឡាញ់​កន្លែង​ដែល​វា​រស់នៅ និង​គ្រួសារ​វា​ខ្លាំងណាស់ ប៉ុន្ដែ​គំនិត​និង​ស្មារតី​របស់​វា​មិនមែនជា​សត្វ​មាន់​នោះទេ​។ ខណៈដែល​វា​លេង​ជាមួយនឹង​កូន​មាន់​ផ្សេងទៀត​ក្នុង​កសិដ្ឋាន ឥន្ទ្រី​បាន​មើល​ទៅលើ​មេឃ​ហើយ​ឃើញ​ក្រុម​សត្វ​ឥន្ទ្រី​កំពុង​សំកាំង​លើ​មេឃ​។​

​ឥន្ទ្រី​បាន​និយាយថា “​អូ​! ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​សំកាំង​ដូច​បក្សី​ទាំង​នោះដែរ​”​។​

កូន​មាន់​ផ្សេងទៀត​បាន​រងាវ​សើចចម្អក​ដាក់​កូន​ឥន្ទ្រី​នោះ​ថា “​ឯង​មិនអាច​សំកាំង​ដូច​បក្សី​ទាំងនោះ​បានទេ​។ បើ​ឯង​គ្រាន់តែ​ជា​កូន​មាន់​មួយ​ក្បាល ហើយ​មាន់​ម៉េច​នឹង​អាច​សំកាំង​លើ​មេឃ​បាន​ទៅ​”​។​

ឥន្ទ្រី​សម្លឹងមើល​គ្រួសារ​ពិតប្រាកដ​របស់​វា​នៅលើ​មេឃ ហើយ​សុបិន​ថា​ខ្លួន​អាច​នឹង​នៅ​ជាមួយនឹង​ពួក​បក្សី​នោះ​។ រាល់ពេល​ឥន្ទ្រី​នោះ​និយាយ​អំពី​សុបិន​របស់​វា មាន់​ផ្សេងទៀត​តែងតែ​សើចចម្អក​ដាក់​រហូត​។ ហើយ​ការ​សើចចម្អក​នោះបាន​ធ្វើឱ្យ​ឥន្ទ្រី​ជឿថា​វា​គឺជា​មាន់​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ សកម្មភាព​ដដែល​កើតឡើង រហូត​ទាល់តែ​ក្ដី​សុបិន​របស់​វា​ត្រូវបាន​បញ្ឈប់ និង​បន្ត​រស់នៅ​ជា​សត្វ​មាន់​ជា​រៀងរហូត​។ ទីបំផុត អស់​ពេល​យ៉ាងយូរ វា​ក៏បាន​ងាប់​ក្នុងនាម​ជា​សត្វ​មាន់​មួយ​ក្បាល​។​

* ន័យ​អប់រំ ៖ អ្នក​ត្រូវតែ​ជឿជាក់​លើ​អ្វីដែល​ខ្លួនឯង​មាន​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​ក្ដី​សុបិន​ចង់​ក្លាយជា​ឥន្ទ្រី ធ្វើតាម​ក្ដី​សុបិន​របស់​អ្នក មិនមែន​ពាក្យ​ឥត​បានការ​របស់​សត្វ​មាន់​ទាំង​នោះទេ​៕

Add a Comment