MERLENG

ថាម៉េច ហង្ស មាស ​​ហ៊ានបំបិទ​​សិទ្ធិ​​កុមារ​​ពេជ្រ​​ ថៃផង!

ខេត្តបាត់ដំបង ៖ បេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The voice Kids cambodia មួយរូប គឺកុមារ ពេជ្រ ថៃ បានធ្វើឱ្យកក្រើកពិភពសិល្បៈ ពិសេសបណ្តាញ សង្គមហ្វេសប៊ុក បន្ទាប់ពីក្មេងប្រុសរូបនេះ បាន បញ្ចោញសមត្ថភាព និងទេពកោសល្យក្នុងការ ច្រៀង ការសម្តែងពិសេសភាពក្លាហានរបស់ខ្លួន។​ ប៉ុន្តែខណៈដែលមានមហាជនចង់ស្គាល់ប្រវត្តិលម្អិតរបស់កុមារពេជ្រ ថៃ ហើយអ្នកសារព័ត៌មានបានស្កាត់ទៅដល់លំនៅឋានរបស់កុមារនេះផ្ទាល់ បែរជាហង្សមាស បំបិទសិទ្ធិកុមារពេជ្រ ថៃ​មិនឲ្យផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានទៅវិញ។

http://nokorthomdaily.com/wp-content/uploads/2017/07/

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia វគ្គ The Blind Audition Week ២ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ បានធ្វើឱ្យមហាជនអ្នកទស្សនាមានការភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង ខណៈដែលបានឃើញការបញ្ចេញទេពកោសល្យ (ទឹកដមសំឡេង កាយវិការ ការសម្តែង ភាពក្រមិចក្រមើម និងភាពក្លាហាន) គួរឱ្យសរសើររបស់កុមារពេជ្រ ថៃ ដែលបានលើកយកបទចម្រៀង១បទរបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺបទ “បាត់ដំបងបណ្តូលចិត្ត” មកច្រៀងបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការទាំង៣រូប ដែលសុទ្ធសឹងជាតារាចម្រៀងល្បីលំដាប់ជួរមុខ គឺលោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា និងកញ្ញាសុគន្ធ និសា។

http://nokorthomdaily.com/wp-content/uploads/2017/07/

ទេពកោសល្យនៃការច្រៀងរបស់កុមារ ពេជ្រ ថៃ ក្រៅពីមានភាពផ្អែមល្ហែមហើយ នៅធ្វើឱ្យអ្នកទស្សនាទទួលបានភាពសប្បាយរីករាយជាមួយកាយវិកា ទឹកមុខគួរឱ្យស្រលាញ់ និងគ្រឺតក្នាញ់របស់គេទៀតផង។ មហាជនសុទ្ធតែបានកោតសរសើរដូចៗគ្នាថា កុមារពេជ្រ ថៃ ពិតជាមានភាពក្លាហាន និងសម្តីបានណាស់ ឆ្លើយដោយមិនចេះទាល់ជាមួយនឹងសំណួររបស់ គណៈកម្មការ។

ដោយសារមានសំណូមពរពីជនរួមជាតិ​ ដែលចង់ស្គាល់ប្រវត្តិពិតលម្អិតរបស់តារាក្មេងពេជ្រ ថៃ អ្នកយកព័ត៌មាន នគរធំ បានចុះទៅដល់លំនៅឋាន​របស់កុមារពេជ្រ ថៃ នាំឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង​ ដើម្បីជួបសម្ភាសន៌ផ្ទាល់​ តែបែរជាកុមារពេជ្រ ថៃ ផ្តល់សម្ភាសន៌តែបន្តិច​ ក៏បានសុំទោសដល់អ្នកយកព័ត៌មានថា “មិនអាចផ្តល់សម្ភាសន៌បានបន្ថែមទៀតទេ ​ដោយសារមានអំណាចបញ្ជាដ៏លើសលប់ពីក្រុមហ៊ុនហង្សមាស មិនឲ្យរូបគេផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត ទស្សនាវដ្តី​ ឬវិទ្យុទូរទស្សន៍ណាក្រៅពីវិទ្យុទូរទស្សន៍ហង្សមាស នោះឡើយ”។

កុមារពេជ្រ ថៃ ដ៏រួសរាយ បានថ្លែងថា រូបគេមានការភ្ញាក់ផ្អើលដែរនៅពេលមានបម្រាមបែបនេះ ប៉ុន្តែរូបគេចង់សម្រេចបំណងក្នុងការឈានទៅដណ្តើមពាន The Voice Kids Cambodia ដូច្នេះគេត្រូវគោរពតាមបញ្ជាដ៏មហិមារបស់ទូរទស្សន៍ហង្សមាស មួយគ្រាសិន។

http://nokorthomdaily.com/wp-content/uploads/2017/07/

គួរបញ្ជាក់ថា កុមារពេជ្រ ថៃ អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅអនុវិទ្យាល័យម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី និងមានស្រុកកំណើតនៅក្នុងឃុំជ្រៃ (ហួសផ្សារដើមច័ន្ទបន្តិច) ស្រុកមោងឫស្សី (ផ្លូវទៅដូនទ្រី)។ សព្វថ្ងៃកុមារពេជ្រ ថៃ រស់នៅជាមួយលោក យាយ និងពូមីង ខណៈដែលឪពុកម្តាយរបស់ប្អូនបានធ្វើការចំណាកស្រុក ទៅធ្វើការនៅឯ ប្រទេសថៃ អស់រយៈពេល២៥ឆ្នាំមកហើយ។

ពេជ្រ ថៃ ជាក្មេងម្នាក់ដែលមានទេពកោសល្យខ្ពស់ ទាំងការច្រៀងនិងសម្តែង ជាពិសេសមានភាពក្លាហាន និងមានប្រជាប្រិយភាពទៅណាក៏សម្បូរតែអ្នកស្រលាញ់ និងរាប់អាន ពិសេសជាក្មេងដែលតែងតែកំប្លែង តែមិន ភ្លេចជួយការងារផ្ទះពេលទំនេរនោះទេ។ នៅរាល់ពេលមានពិធីមង្គលការបងប្អូនក្នុងភូមិម្តងៗ ពេជ្រ ថៃ តែងតែឡើងច្រៀងនិងរាំបញ្ចោញសមត្ថភាពនៅលើឆាកមិនសូវខានឡើយ ហើយ អ្វីដែលសំខាន់នោះគឺ ពេជ្រ ថៃ តែងតែប្រើពាក្យសម្តីល្អ ឬផ្អែមស្រទន់ទៅកាន់អ្នកដទៃជានិច្ច។

ទោះជាយ៉ាងណា ជុំវិញប​ញ្ជាខាងលើនេះ នគរធំ មិនអាចទាក់ទងសុំការបកស្រាយបញ្ជាក់បំភ្លឺពីតំណាងក្រុមហ៊ុនទូរទស្សន៍ហង្សមាស បានទេកាលពីម្សិលមិញ ហើយយើងរង់ចាំទទួលការបំភ្លឺពីភាគីពាក់ព័ន្ធជានិច្ច៕

http://nokorthomdaily.com/wp-content/uploads/2017/07/

ប្រភព nokorthomdaily